អំពីស្ថាប័ន

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការបង្កើតក្រសួងមានគោលបំណងបង្រួបបង្រួមការគ្រប់គ្រងដីធ្លី ផែនការទីក្រុង សំណង់សុរិយោដី។ និងកិច្ចការភូមិសាស្ត្រក្រោមស្ថាប័នតែមួយ។ ជាមួយនឹងអាណត្តិដឹកនាំ និងត្រួតពិនិត្យវិស័យសំខាន់ៗទាំងនេះ ក្រសួងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងទេសភាពទីក្រុងរបស់កម្ពុជា។ ប៉ុន្មានឆ្នាំមកនេះ វាបានវិវត្តន៍ពីការប្រមូលផ្ដុំនៃមុខងារដាច់ដោយឡែកដែលគ្រប់គ្រងដោយភ្នាក់ងារផ្សេងៗគ្នាទៅជាស្ថាប័នបង្រួបបង្រួមដែលឧទ្ទិសដល់កំណើនប្រកបដោយចីរភាព និងការអភិវឌ្ឍន៍ជាតិ។

ការបង្កើត និងបេសកកម្ម

ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃប្រកបដោយ​គតិបណ្ឌិត​រប​ស់ ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​១៩៩៨ តាម​ព្រះរាជក្រឹត្យ​លេខ ​នស​/​រកត​/១១៩៨/៧២ ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​១៩៩៨  ហើយ​នៅក្នុង​នីតិកាល​ទី​២​នៃ​រដ្ឋសភា ទើប​ច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​ចូល​ជា​ធរមាន តាម​ព្រះរាជក្រម​លេខ​នស​/​រកម​/០៦៩៩/០៩ ចុះ​ថ្ងៃទី​២៣  ខែមិថុនា ឆ្នាំ​១៩៩៩។
    
ក្រសួងរៀបចំដែនដី នគរូបនីយមកម្ម និងសំណង់ ​មាន​បេសកកម្ម​ដឹកនាំ និង​គ្រប់គ្រង​លើ​ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និង​ភូមិសាស្ត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុង​សម័យមុនៗ វិស័យ​ការងារ​ទាំងអស់នេះ​ ស្ថិតនៅក្រោម​ចំណុះ​ស្ថាប័ន​ច្រើន​ដោយឡែក​ពីគ្នា។ ពី​សម័យ​សង្គមរាស្ត្រនិយម​ រហូតមកដល់​មុន​ឆ្នាំ​១៩៧៥  វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​គ្រប់គ្រង​ដោយ​នាយកដ្ឋាន​នគរូបនីយកម្ម ​និង​លំនៅឋាន នៃ​ក្រសួង​សាធារណការ ហើយ​នៅតាម​ខេត្ត​-​ក្រុង កិច្ចការ​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណការ​ខេត្ត​-​ក្រុង។​

ការអភិវឌ្ឍន៍ប្រវត្តិសាស្ត្រ

 វិស័យ​សុរិយោដី ​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៩០៨ មាន​ឈ្មោះថា ក្រុមសុរិយោដី និង​ឋានលេខា ស្ថិតនៅក្រោម​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​នៅ​ឆ្នាំ​១៩២៥ ត្រូវបាន​បង្កើត​នាយកដ្ឋាន​អភិរក្ស​ភូមិបាល ស្ថិតនៅក្រោម​ក្រសួង​ហិរញ្ញវត្ថុ។ ឆ្នាំ​១៩៤៨-១៩៧៥ ក្រុមសុរិយោដី និង​ការិយាល័យ​ភូមិបាល ត្រូវបាន​បង្កើតឡើង​ស្ថិតនៅក្រោម​ក្រសួងកសិកម្ម។ ឆ្នាំ​១៩៨៩-១៩៩៤ វិស័យនេះ​ស្ថិតនៅក្រោម​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ជា​នាយកដ្ឋាន​សុរិយោដី ហើយ​ចាប់ពី​ឆ្នាំ​១៩៩៥ ដល់​ដើមឆ្នាំ​១៩៩៩ ជា​នាយកដ្ឋាន​សុរិយោដី ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី។​ ចំណែក​វិស័យ​ភូមិសាស្ត្រ​ ពី​ឆ្នាំ​១៩៥៥  ស្ថិតនៅ​ចំណុះ​ក្រសួងការពារជាតិ មាន​ឈ្មោះថា ក្រុម​ភូមិសាស្ត្រ​កម្ពុជា បន្ទាប់មក​ដូរ​ឈ្មោះ​ជា​ ក្រុម​ភូមិសាស្ត្រ​ខ្មែរ នៅក្រោម​របប លន់ នល់ និង​ពី​ឆ្នាំ​១៩៨៥-១៩៩១ ជា​ការិយាល័យ​ព្រំដែន ចំណុះ​ក្រុមប្រឹក្សារដ្ឋមន្ត្រី និង​ពី​ឆ្នាំ​១៩៩១ ដល់​ចុងឆ្នាំ១៩៩៨ ជា​នាយកដ្ឋាន​ភូមិសាស្ត្រ ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី។​
    
ក្រោយ​ថ្ងៃ​រំដោះ ​៧ មករា ១៩៧៩ មន្ទីរ​រៀបចំ​ក្រុង ត្រូវបាន​បង្កើត​នៅ​ក្រុងភ្នំពេញ និង​ការិយាល័យ​សំណង់ ត្រូវបាន​បង្កើត​នៅតាម​បណ្តា​ខេត្ត ដោយនៅ​ខេត្ត​ខ្លះ ​ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​មន្ទីរ​ផែនការ និង​នៅ​ខេត្ត​ខ្លះទៀត ការិយាល័យ​នេះ ​ស្ថិតនៅក្រោម​មន្ទីរ​ឧស្សាហកម្ម។ ទន្ទឹមនឹងនេះ​ សហគ្រាស​សំណង់​មួយ​ក៏​ត្រូវបាន​បង្កើតឡើង ស្ថិតនៅក្រោម​ក្រសួង​ឧស្សាហកម្ម ដើម្បី​សាងសង់​សំណង់​របស់​រដ្ឋ​នៅ​ទូទាំងប្រទេស លើកលែង​សំណង់​របស់​ក្រសួងពាណិជ្ជកម្ម ដែល​នាពេលនោះ​មាន​ក្រុមហ៊ុន​ស្ថាបនា​មួយ។  ឆ្នាំ​១៩៨៦ ដោយ​វិស័យ​សំណង់​មានការ​រីកចម្រើន អគ្គនាយកដ្ឋាន​សំណង់ ត្រូវបាន​បង្កើតឡើង ​ស្ថិតនៅ​ចំណុះ​ក្រុមប្រឹក្សារដ្ឋមន្ត្រី ដើម្បី​គ្រប់គ្រង​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ ឆ្នាំ​១៩៩៣ រាជរដ្ឋាភិបាល​នីតិកាល​ទី​១ ​នៃ​រដ្ឋសភា អគ្គនាយកដ្ឋាន​នេះ ស្ថិតនៅក្រោម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។លុះដល់ឆ្នាំ​១៩៩៤ ក្រោយ​មានច្បាប់​ស្តីពី​ការរៀបចំ​ទឹកដី នគរូបនីយកម្ម និង​សំណង់ វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវបាន​ដឹកនាំ​និង​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ទឹកដី នគរូបនីយកម្ម និង​សំណង់ ដែលមាន​ទីស្នាក់ការ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។​

ការរៀបចំឡើងវិញ

 ដោយ​មើលឃើញ​សារសំខាន់ និង​ចំណងទាក់ទង ​នៃ​វិស័យ​ការងារ​ខាងលើ ដែល​ចល័ត​នៅក្រោម​ចំណុះ ស្ថាប័ន​ច្រើន​ដោយឡែកៗ​ពីគ្នា ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា សម្រេច​បង្កើត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឡើង ដើម្បី​ទទួលបន្ទុក​ប្រមូលផ្តុំ​ការងារ​ទាំងអស់​ខាងលើ​ឲ្យ​មាន​ស្ថេរភាព និង​ស្ថិតនៅក្រោម​ស្ថាប័ន​តែមួយ។ នៅពេល​ចាប់ផ្តើម​ដំណើរការ​ក្រសួង​ដំបូង ​ទីស្តីការក្រសួង ​មាន​អគារ​ធ្វើការ​នៅលើ​ទីតាំង​ដី ​៣​កន្លែង ​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ​ក្នុង​ខណ្ឌ​២​ផ្សេងគ្នា​រួមមាន នៅលើ​ទីតាំងទី១ ​មាន​សំណង់​អគារ​លំនៅឋាន​០៣​អគារ និង​សាលប្រជុំ​តូច​មួយ​សម្រាប់​ការងារ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ទី​តាំងទី​២ មាន​អគារ​លំនៅឋាន​០២​អគារ សម្រាប់​ការងារ​សុរិយោដី និង​នៅ​ទីតាំង​ទី​៣ មាន​សំណង់​អគារ​លំនៅឋាន​០១​អគារ​ សម្រាប់​ការងារ​ភូមិសាស្ត្រ។ នៅ​ចុងឆ្នាំ​១៩៩៩ រាជ​រដ្ឋាភិ​បាល​បានអនុញ្ញាត​ឲ្យ​សាងសង់​អគារ​ថ្មី​មួយ​ខ្នង​ទៀត ​នៅលើ​ទីតាំងទី១​នេះ ដើម្បី​ដោះស្រាយ​កន្លែងធ្វើការ​ជូន​មន្ត្រីរាជការ ដែលមាន​កំណើន​ជា​លំដាប់​ស្របតាម​សំណូមពរ​ការងារ​កើនឡើង។​
    
ទាក់ទង​នឹង​គម្រោង​សាងសង់​អគារ​នេះ ការសិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម និង​គម្រោង​ប្លង់គ្រឿង​ផ្គុំ​សំណង់ ​ត្រូវបាន​សិក្សា​ដោយ​ស្ថាបត្យករ និង​វិស្វករ​កូន​ខ្មែរ ​ជា​មន្ត្រី​របស់​ក្រសួង​ទាំងស្រុង។ ចំពោះ​ដំណើរ​ការសាងសង់ ​ក៏​ស្ថិតក្រោម​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ដោយ​មន្រ្តីបច្ចេកទេស​​របស់​ក្រសួងផង​ដែរ។ ការរៀបចំ​លក្ខណៈ​ស្ថាបត្យកម្ម​ផ្នែក​ខាងក្រៅ​អគារ គឺជាទំរង់ស្ថាបត្យកម្មសហសម័យកម្ពុជា ដែលជាការរួម​បញ្ចូលគ្នា​នូវ​សមាសភាព​ស្ថាបត្យកម្ម​ជាតិ​លំនាំ​រចនាបថ​ខ្មែរ​សម័យអង្គរ និង​ស្ថាបត្យកម្ម​សម័យ​ទំនើប។ គម្រោង​ប្លង់​ទាំង​២ ​ត្រូវបាន​រៀបចំឡើងតាម​ទស្សនទាន នៃ​ប្រសិទ្ធភាព​ប្រើប្រាស់ និង​បទដ្ឋាន​បច្ចេកទេស ​ដែល​ធានា​គុណភាព សុវត្ថិភាព​សំណង់ និង​សោភណភាព។ ការរៀបចំ​របៀង​ខ្យល់​ នៅ​ចន្លោះ​កណ្តាល​តាម​បណ្តោយ​ជួរ​បន្ទប់ធ្វើការ មាន​ភាព​អំណោយផល​ដ​ល់​ផាសុខភាព។

ហេដ្ឋារចនាសម្ព័ន្ធទំនើប និងការពង្រីក

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានផ្ទៃក្រឡា​សំណង់​សរុប​ ១៥.៦៩៤ម៉ែត្រការ៉េ កម្ពស់​សំណង់​មាន​៩​ជាន់ ស្មើនឹង ៣៦.៨៥ម៉ែត្រ គិត​ត្រឹម​ស្លាប​ជញ្ជាំង​ជាន់​នីមួយៗ​ មាន​កម្ពស់ ៣.៩០ម៉ែត្រ លើកលែង​ជាន់​ផ្ទាល់​ដី​ដែលមាន​កម្ពស់ ៥.៦៥ម៉ែត្រ។ ជាន់​នីមួយៗ​ នៃ​សំណង់​ត្រូវបាន​រៀបចំ​តាម​មុខងារ​ប្រើប្រាស់ខុសៗ​គ្នា​ ទៅតាម​ផែន​ការងារ​ជំនាញ។ រចនាសម្ព័ន​កន្លែងធ្វើកា​រ​សំខាន់ៗ​ រួមមាន​ សាលប្រជុំ​ធំ​ចំណុះ ៦៥០នាក់ បន្ទប់ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ បន្ទប់​ប្រជុំ​ថ្នាក់ដឹកនាំ ឬ​ប្រជុំ​ទ្វេភាគី ឬ​ពិធី​ចុះហត្ថលេខា បន្ទប់​ប្រជុំ​កម្រិត​ជំនាញ​តាម​ផែន​ការងារ​នីមួយៗ ឃ្លាំង​ឯកសារ និង​កន្លែងធ្វើការ​គ្រប់គ្រាន់ ព្រមទាំង​បំពាក់​ដោយ​ប្រព័ន្ធ​សន្តិសុខ សុវត្ថិភាព ប្រព័ន្ធ​ទូរស័ព្ទ បណ្តាញ​អគ្គិសនី បណ្តាញទឹក ជណ្តើរយន្ត ០៤គ្រឿង និង​ប្រព័ន្ធការពារសុវត្ថិភាពដ៏ទៃទៀត។

អំពីស្ថាប័ន

យោងតាមអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់។ រចនាសម្ព័ន្ធក្រសួងត្រូវបានកំណត់ដោយអង្គការលេខខាងក្រោមនេះ៖

អំពីស្ថាប័ន
ព័ត៌មាន
ច្បាប់ និង បទដ្ឋានគតិយុត្ត
សេវាសាធារណៈ

© ២០២៥ រក្សាសិទ្ធិគ្រប់យ៉ាងដោយ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់